ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅ បណ្ដាលឲ្យមនុស្សស្លា/ប់ដល់ ៦នាក់ មិនមែនជារឿងតូចទេ។ ជនបង្កត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង បញ្ជូនទៅតុលាការហើយនៅព្រឹកនេះ ខណៈដែលការចរចាសំណងនៅតែជាប់គាំង មិនទាន់មានដំណោះស្រាយច្បាស់លាស់។
គ្រួសារជនរងគ្រោះទាមទារសំណងម្នាក់ ៣៥,០០០ ដុល្លារ ប៉ុន្តែភាគីជនបង្កផ្តល់បានត្រឹម ១០,០០០ ដុល្លារ ប៉ុណ្ណោះ ហើយថែមទាំងប្រៀបធៀបថា ករណីមុនៗសំណងត្រឹម ២,០០០ ទៅ ៣,០០០ ដុល្លារ។ ការនិយាយបែបនេះ មិនត្រឹមតែបង្ហាញពីការមិនយល់ចិត្តទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់អារម្មណ៍គ្រួសារជនរងគ្រោះយ៉ាងខ្លាំង។
ជីវិតមនុស្សមិនអាចវាស់តម្លៃដោយប្រាក់បានទេ។ ការលើកឡើងថា “សងច្រើនហើយ” ខណៈដែលមនុស្ស៦នាក់បាត់បង់ជីវិត គឺជាការមើលងាយលើតម្លៃជីវិតយ៉ាងធ្ងន់ធ្ងរ។ កាន់តែធ្ងន់ធ្ងរជាងនេះ គឺមានការដាក់សម្ពាធលើគ្រួសារជនរងគ្រោះ ដែលធ្វើឲ្យការចរចាកាន់តែរឹងមាំ និងពិបាកដោះស្រាយ។
ដំណោះស្រាយមិនមែនស្ថិតនៅលើការតវ៉ាឬសម្ពាធទេ ប៉ុន្តែស្ថិតនៅលើការយល់ចិត្ត និងការប្រើប្រាស់អ្នកជំនាញ ដូចជាមេធាវី ឬអ្នកសម្របសម្រួល ដែលអាចនិយាយដោយមានវិជ្ជាជីវៈ និងគោរពអារម្មណ៍ភាគីទាំងពីរ។
ទោះបីជាសំណងអាចចរចាត្រូវគ្នាក៏ដោយ ការទទួលខុសត្រូវតាមផ្លូវច្បាប់នៅតែជារឿងមិនអាចគេចផុតបាន។ ជីវិតមនុស្សមិនមែនជាអ្វីដែលអាចបិទបាំងដោយប្រាក់ទេ—យុត្តិធម៌ត្រូវតែមាន។


